គ្រឿងអលង្ការច្នៃពីសំបកគ្រាប់កាំភ្លើងរបស់ខ្មែរមានទីផ្សារធំនៅក្រៅប្រទេស
គ្រឿងអលង្ការដែលច្នៃចេញពីគ្រាប់កាំភ្លើង និងសំបកគ្រាប់ចាស់ៗរបស់កម្ពុជាត្រូវបាន សមាគមខ្មែរមួយនាំចេញទៅលក់នៅក្រៅប្រទេសមានដូចជា ជប៉ុន អង់គ្លេស កាណាដា អាល្លឺម៉ង់ អូស្ត្រាលី និងសហរដ្ឋអាមេរិក ជាទីផ្សារនាំចេញច្រើនជាងគេ។
អ្នកស្រី ញ៉ុក និមល អ្នកគ្រប់គ្រងទូទៅសមាគមបានលើកឡើងថា ក្នុងមួយខែ សមាគមរចនា អាចផលិតបានគ្រឿងអលង្ការដែលច្នៃចេញពីគ្រាប់កាំភ្លើងបាន ជាង ១ពាន់គ្រឿង។ ទីផ្សារកុម្ម៉ង់ទិញពីក្រៅប្រទេសកាលពីឆ្នាំ២០១៦ មានចំនួន ២ម៉ឺនគ្រឿង ដែលការនាំចេញនេះអាចរកចំណូលបាន ៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិចចូលក្នុងសមាគម។
គួរបញ្ជាក់ថា ក្រៅពីផលិតផលគ្រឿងអលង្ការច្នៃចេញពីគ្រាប់កាំភ្លើងនេះ សមាគមរចនា នៅមានផលិតផលរបស់ខ្មែរជាច្រើនទៀតមានដូចជា ផលិតផលធ្វើពីសូត្រ គ្រឿងតុបតែងក្នុងផ្ទះ គ្រឿងតុបតែងធ្វើពីឡោស៊ី និងបូស៊ីចាស់ៗ ហូលផាមួង ចាន ឆ្នាំងដី ពែងធ្វើពីសេរ៉ាមិចផងដែរ៕
អត្ថបទ និង រូបភាព៖ ឌីណា វឌ្ឍនៈ
Source by: The Phnom Penh Time